Monday, September 29, 2014

ផ្កាម្លិះ​ជា​ឆ្នាំងបាយ​របស់​អ្នកភូមិ​កោះក្របី​




 កោះក្របី  : ​ប្រសិនបើ​គេ​បាន​ទៅ​ដល់​ភូមិកោះ​ក្របី ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​ស្ថិតនៅ​ចម្ងាយប្រមាណ​ជាង​ដប់​គីឡូម៉ែត្រ​ពី​ទីក្រុងភ្នំពេញ គេ​ប្រហែលជា​ពិបាក​នឹង​មិនកោតសរសើរ​ចំពោះ​ចម្ការ​ផ្កាម្លិះ​ដែលផ្តល់​ផ្កា​ពណ៌​ស​ស្រស់បំព្រង​ដែល​ស្ថិតនៅ​អម​សងខាង​ផ្លូវ​ប្រប​នឹង​មាត់ទន្លេនោះទេ ។ ការដាំ​ផ្កា​ម្លិះ​ដើម្បី​យក​ផ្កាលក់​គឺជា​របរ​ចិញ្ចឹមជីវិត​យ៉ាង​សំខាន់បំផុត​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ។​

       ភូមិ​កោះក្របី​គឺ​ជា​ភូមិ​មួយ​ក្នុងចំណោម​ភូមិ​ចំនួនបី​របស់​ឃុំ​ព្រែក​ថ្មី ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ផ្កាម្លិះ​យ៉ាង​ក្រអូបដែល​ធំជាងគេ​សម្រាប់​ទីក្រុង​ភ្នំពេញ ។ មិន​ថា​នៅខាងមុខ ឬ​ខាងក្រោយ​នៃ​ផ្ទះប្រជាជន​ដែល​ភាគច្រើន​សង់​អំពី​ឈើ ត្រូវ​បាន​ហ៊ុម​ពទ្ធ័​ដោយ​ចម្ការ​ផ្កាម្លិះ​ដែលមាន​ផ្កា​ជា​កញ្ចុំ​តូចៗ និង​មាន​ដើម​ដូច​ជាវល្លិ​ទាបៗ កម្ពស់​ប្រមាណ​ជាមួយ​ម៉ែត្រផុតពី​ដី​តែប៉ុណ្ណោះ ។​
​    ​យកដៃ​ជូត​ញើស​ដែល​ហូរ​កាត់ផ្ទៃមុខ​បណ្តើរ​ ឈរ​បេះ​ផ្កាម្លិះ​បណ្តើរ  ខន សុខា​ន ជា​នារី​ដ៏​ស្រគត់ស្រគំ​ម្នាក់ ស្ថិតក្នុង​វ័យ​២៤​ឆ្នាំ ។ កញ្ញាគឺ​ជា​ម្ចាស់ចម្ការ​ទំហំ​១.៧៦០​ម៉ែត​ក្រឡា ។ នាងពោល​ដោយ​ញញឹម​ថា «ផ្កាម្លិះ​នេះ​គឺជាជីវិត​ប្រចាំថ្ងៃ​របស់​ខ្ញុំ​» ។ នាង​បន្ថែមទៀតថា ដើម​ម្លិះ​ផ្តល់​ផ្កា​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​វា​ក៏​ផ្តល់​នូវ​ចំណូល​រាល់ថ្ងៃសម្រាប់​គ្រួសារ​របស់​នាង​ដែរ ។​
​    ​នៅ​ប្រទេស​កម្ពុជា​ផ្កាម្លិះ​គឺជាប្រភេទ​បុប្ផា​ម្យ៉ាង​ដែល​មាន​ក្លិនក្រអូបស្រាល និង​មាន​ការពេញនិយម​ជាទីបំផុត ។ វា​ក៏​ជា​ផ្កា​ដែល​គេ​អាច​ប្រើសម្រាប់​ប្រយោជន៍​ច្រើន​យ៉ាង​ផង​ដែរ ដូចជា​គេ​អាច​ក្រង​ជា​ភួងផ្កា​សម្រាប់តង្វាយ​ព្រះ​​សម្រាប់​ការ​សែនព្រេន​ដល់វត្ថុ​សក្តិ​សិទ្ធិ​ជា​ទីសក្ការៈ និង​សម្រាប់ពិធី​ស្រោច​ទឹក ឬ​ពិធី​សាសនា​ផ្សេងៗ ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ការ​ដាំ​ដើម​ផ្កាម្លិះ​បាន​ចារឹក​ជា​វប្បធម៌​ពិសេស​មួយសម្រាប់​អ្នក​ភូមិ​កោះ​ក្របី ។ ថ្វីត្បិតតែដូច្នេះ​ក្តី កញ្ញា​សុខា​ន គិត​ថា​មុខរបរ​ដាំផ្កាម្លិះ​នេះ​បាន​ត្រឹមតែ​ផ្គត់ផ្គង់​ជីវភាពនាង​ជា​ប្រចាំ​ថ្ងៃ​តែប៉ុណ្ណោះ ពោល​គឺជាមុខរបរ​ដែល​មិន​អាច​ឱ្យ​គ្រួសា​របស់នាង ក៏ដូចជា​ប្រជាកសិករ​នៅទីនេះក្លាយទៅជា​អ្នកមាន​ជីវភាព​សម្បូរ​ធូរធារ​បាន​នោះ​ទេ ។​
​    ​មាត់​ឆ្លើយ​នឹង​សំណួរ តែ​ដៃ​នៅតែ​នៅ​បន្ត​បេះ​ផ្កាម្លិះ​ក្រពុំៗ​បណ្តើរ សុខា​ន ហាក់​ស្ទាក់ស្ទើរ​ក្នុងការបង្ហាញ​ពី​ហាងឆេង​លក់​ចេញ​របស់ផ្កា​ម្លិះ ។ នាង​បាន​និយាយថា  «​តម្លៃ​របស់ផ្កាម្លិះ​អាស្រ័យ​តែ​លើ​មាត់​ឈ្មួញ ។ នៅរដូវប្រាំង ម្លិះ​ចេញ​ផ្កា​ច្រើន​ដូច្នេះ​យើង អា​ចលក់​មួយ​គីឡូក្រាម​បានត្រឹមតែប្រាំ​ពាន់​រៀល​ទៅ​មួយ​ម៉ឺន​រៀល​តែប៉ុណ្ណោះ ចំណែក​ខែវស្សា​ម្លិះ​មិនសូវចេញ​ផ្កា តម្លៃ​ផ្កាម្លិះ​អាច​ឡើង​ដល់​ដប់​ម៉ឺនរៀល​ក្នុង​មួយ​គីឡូ​» ។ ដើម​ម្លិះ​ជា​រុក្ខជាតិងាយ​ដាំ ។ វា​មិន​ត្រូវកា​រការថែទាំ​ច្រើន ដូចជា​ការដាក់​ជី ហើយ​វាមិន​ត្រូវការ​ទឹក​ច្រើន​នោះ​ទេ ។ ដោយហេតុនេះហើយ​បានជា​ប្រជាពលរដ្ឋដែល​ជា​ម្ចាស់​ចម្ការ​បាន​អះអាងថា នៅរដូវវស្សា​ពួកគាត់​អាច​បេះ​ផ្កាម្លិះ​បានត្រឹម​តែ​ពីរ​ទៅ​បី​គីឡូក្រាម​តែប៉ុណ្ណោះ ក្នុង​ដី​មួយ​ហិកតា ចំណែក​នៅ​រដូវប្រាំង ពួក​គាត់​អាច​ប្រមូល​ផ្កាម្លិះ​បាន​រហូត​ដល់ ២០​ទៅ​២៥​គីឡូក្រាម​ក្នុង​ទំហំ​ដី​ដូចគ្នា​នេះ ។​
​    ​អ្នកស្រី​យិន​សឿន​អាយុ​៥៨ ឆ្នាំ​គឺជា​អ្នក​ដាំ​ផ្កាម្លិះ​ម្នាក់​ទៀត​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ចម្ការ​របស់​កញ្ញា សុខា​ន បានឱ្យដឹងថា ការដាំ​ដើម​ម្លិះ​គឺជាមុខរបរ​តាំងពី​ជីដូន​ជីតា​របស់​អ្នកស្រីមកម្ល៉េះ​។ អ្នកស្រី​បាន​ពន្យល់ថា “​ខ្ញុំ​ត្រូវការ​ស្រោច​ទឹក​ដំណាំ​នេះ​ត្រឹម​តែ​ពីរដងតែ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​។​

​    ​ម្ចាស់​ចម្ការ​ភាគច្រើន​និយមលក់​ផ្កាម្លិះ​ទៅឱ្យ​ឈ្មួញកណ្តាល​ដែលស្ថិតនៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅស្រាប់ ។ ឈ្មួញកណ្តាល​បាន​ដើរ​ប្រមូលទិញ​ផ្កាម្លិះ​ពី​ម្ចាស់​ចម្ការ​ដល់ផ្ទះ ក៏ប៉ុន្តែក្រៅពី​លក់​បោះ​ដុំ​ម្ចាស់​ចម្ការ​ក៏​បាន​ឆ្លៀតក្រង​ផ្កាម្លិះ​ជា​ភួង​សម្រាប់​លក់​ដោ ផ្ទាល់​នៅ​រាល់​ថ្ងៃសីល​ដើម្បី​បាន​កម្រៃបន្ថែម​ទៀត​ផង​ដែរ​។​កសិករ​ភាគច្រើន បាន​ចំណាយ​ពេល​យក​ភួង​ផ្កាម្លិះ​នេះ       មក​លក់រាយ​រហូតដល់​ទីក្រុង​ភ្នំពេញ ដោយ​យល់ឃើញថា ពួក​គាត់​អាច​ទទួលបាន​កម្រៃ​ច្រើនជាង​ការលក់​នៅ​តំបន់ដែល​ពួកគេ​រស់នៅ​នោះ ។​
​    ​សំឡេង​ត្រែ​នៗ​នៃ​ម៉ូតូ​ចាស់ ម៉ាក​ហុងដា​មួយ​គ្រឿង​បាន​មកដល់​។ យុវជន​ម្នាក់​ដែល​មាន​តែ​ខោខ្លី  ចំហ​ដងខ្លួន​ទទេ​បានចុះ​ពីលើ​យានជំនិះ​របស់​ខ្លួន​ជាមួយនឹង ស្បោង​ផ្កាម្លិះ​កញ្ចិបក​ញ្ចប់​សំពីងសំពោង ហើយ​បាន​ដើរ​តម្រង់​ចូល​ផ្ទះ​យ៉ាង ប្រញាប់ប្រញាល់​។ គាត់​ទើប​នឹង​ត្រឡប់ពី​ប្រមូល​ទិញ​ផ្កាម្លិះ​ទាំង​នេះ​ពី​ម្ចាស់ចម្ការ​។ អ្នកស្រី​សាន់ ណេ​ដែលជា​ម្តាយរបស់​កំលោះ​រូបនេះ​បាន​ស្ទុះ​ម្នីម្នា​ទៅ ទទួល​ថង់​ផ្កាម្លិះ​ពី​កូន​របស់​គាត់​។ ស្ត្រី វ័យ​ចំណាស់​ដែល​មាន​អាយុ​៦១​ឆ្នាំ​រូបនេះ គឺជា​អ្នក​លក់​ចែកចាយ​បន្ត​ដល់​អតិថិជន​ក្នុង​ទីក្រុង​ភ្នំពេញ​ដូច​ជា​នៅ ផ្សារ​ថ្មី ផ្សារកណ្តាល ផ្សារ​អូឡាំពិក និង​ផ្សារ​អូរឫស្សី​ជាដើម ។ ឈ្មួញ​ខ្លះ​បានទិញ​ផ្កា​នេះ​ដើម្បី​យក​ទៅ​បន្ថែម​ក្លិន​នៅ ក្នុង​តែ​ឱ្យមាន​ក្លិន​រឹតតែ​ឈ្ងុយឆ្ងាញ់ និងបង្កើនរ​ស​ពិដោរ​កាន់តែ​ប្លែក ចំណែកឈ្មួញ​មួយចំនួន​បាន​យក​ផ្កា​ទាំងនេះ​ទៅក្រង​ជា​ភួងផ្កា​សម្រាប់​លក់រាយ ។​

      ឃុំ​ព្រែក​ថ្មី​របស់​ស្រុក​កៀនស្វាយ មាន​ភូមិ​​ចំនួន​បី ក៏ប៉ុន្តែ​មាន​តែភូមិ​កោះក្របី និង​ភូម​ព្រែក​ថ្មី​ទេ​ដែលមាន​ប្រជាពលរដ្ឋ​ប្រកប​របស់​ដាំ​ផ្កាម្លិះសម្រាប់​លក់​ច្រើនជាងគេ ដោយឡែក ភូមិ​ចំពុះក្អែក​មាន​ការដាំដុះ​ផ្កាម្លិះ​បន្តិចបន្តួច ក៏​ប៉ុន្តែ​ប្រជាជននៅទីនេះ​ជំនួស​មកវិញ​ដោយ​ការ​ដាំចេក ស្វាយ ត្របែក​និងដំណាំ​ហូប​ផ្លែ​ផ្សេងទៀត រួម​ទាំង​បន្លែ ដែល​បន្លែ​ពី​តំបន់​នេះ​ក៏​បាន​ចូលរួមចំណែក​ក្នុង​ការផ្គត់ផ្គង់​តម្រូវការ​នៃ​ទីផ្សារ​ក្នុង​ក្រុងភ្នំពេញ​យ៉ាងសំខាន់ ។​

​    ​លោក​ឈឹម សាំង មេឃុំ​ព្រែកថ្មី បានបញ្ជាក់​ថា ប្រជាជនប្រមាណជា​៥០០​គ្រួសារ ក្នុងភូមិ​នីមួយៗ​ក្នុងចំណោម​ភូមិ​ទាំងពីរ​បាន​ប្រកប​របរនេះ​ស្ទើតែ​ទាំងអស់ ។ លោក​មេឃុំ​មានប្រសាសន៍ថា ការដាំដុះ​ផ្កា​នេះ​បានបង្កើត​ការងារ​ដល់​អ្នករស់នៅក្នុង​ឃុំ​របស់លោក​ឱ្យមាន​ការងារ​ធ្វើ​បាន​យ៉ាងច្រើន ថ្វី​ត្បិត​តែ​មុខរបរ​នេះ​មិនសូវ​ផ្តល់កម្រៃ​ខ្ពស់​ក៏ដោយ ។​

​    ​លោក​ឈឹម សាំង បាន​អះអាងទៀតថា “​មុខរបរ​នេះ​បាន​ធ្វើ​ឱ្យ​សមាជិកគ្រួសារ​នីមួយៗ​ចេះ​ជួយ​រំលែក​ការងារគ្នា​ធ្វើ​។ សូម្បី​តែ​កុមារ​តូចៗ​ក៏​អាច​ជួយបេះ​ផ្កាម្លិះ​ដល់​ឪពុក​ម្តាយ​របស់​ពួកគេបាន​ដែរ​នៅពេល​ដែល​ពួកគេ​ទំនេរ​ពីការសិក្សា “​។ លោក​បញ្ជាក់​បន្ថែមថា ប្រជាជនក្នុង​ឃុំ​របស់​លោក ជួន កាល​បាន​ព្យាយាម​ធ្វើ​ភួង​ផ្កាម្លិះ​ដោយ ផ្ទាល់​ដើម្បី​យកទៅ​លក់​ក្នុង​ពិធីបុណ្យ ផ្សេង​ក្នុង​ទី​វត្ត​អារាម​រាល់​ថ្ងៃសីល លក់​តាម​ទី​រមណីយដ្ឋាន និង​ទីសក្ការៈ នានា​ដូចជា​នៅ​រមនីយដ្ឋាន​ឧដុង្គ​នៅ​វត្ត ភ្នំ និង​នៅ​មុខ​ព្រះអង្គ​ដង​កើ​ជាដើម ។​


​    ​ទោះជា​ដូច្នេះ​ក្តី​លោក ឈឹម សាំង មានប្រសាសន៍ថា លោក​មិនទាន់​មាន​វិធីសាស្ត្រ​ណាមួយ​ដើម្បី​ជំរុញឱ្យមាន​ការវិនិយោគ​លើ​ដំណាំ​ប្រពៃ​​ណី​នេះទេ ៕